រឿង៖ ខ្លាចាញ់ប្រាជ្ញាគីង្គក់ និងអណ្ដើក

 មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោត ៗ ក៏ស្រែកសួរទៅថា «យើ ! បងម៉ាំងកាយេ (ខ្លះហៅថាមាំងកាជា) ឯងដើររកស៊ីអ្វីហ្នឹង ។ គីង្គក់តបថា «ចុះបងខ្លាឯងដើរមករកអ្វីដែរ ។ ខ្លាថា «យើងដើររកស៊ី» ។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ» ។ ខ្លាថា «ចុះដើររកស៊ីអ្វីនឹងបាន បើបងឯងលោតម្ដងបានមួយសុញដូច្នេះ តើចាប់សត្វអ្វីនឹងបាន។ គីង្គក់ក៏អួតអាត្មា ប្រាថ្នាខ្លាកោតខ្លាចថា «យើ ! ថ្វីបើឃើញយើងលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វតូចក្ដី ធំប៉ុន្មានក្ដី ក៏បានទាំងអស់ មិនចាញ់បងឯងទេ »

ខ្លាថា បើបងឯង ពូកែដូចសំដីថានេះ យើងលោតប្រឡងគ្នា ពីត្រើយព្រែកម្ខាងទៅត្រើយម្ខាងមើល, បើបងឯងលោតឆ្លងដល់ យើងជឿថាពូកែមែន ។ គីង្គក់ជាសត្វមានប្រាជ្ញា គិតឃើញថា «សត្វខ្លានេះ តែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយ, បើដូច្នេះអញចាំខាំកន្ទុយវា កាលមុនវានឹងលោតទៅនោះ» ទើបគីង្គក់តបទៅថា « ខ្លាចអ្វីបងខ្លាឯង ! បើចង់លោត ពីត្រឹមណាទៅត្រឹមណា ក៏បានដែរ ហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផង, តែកាលណាយើងស្រែកថា ហ៍ ! ត្រូវបងឯងលោតទៅចុះ » ។ ខ្លាជាសត្វឆោត មិនអាចគិតដឹងគំនិតគីង្គក់ វានឹងខាំកន្ទុយខ្លួននោះសោះ, ឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួន ដែលរៀបនឹងលោតទៅនោះ ធ្វើកិរិយាយ៉ាងណាៗដែរ ក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ ។ ឯគីង្គក់កាលខ្លាមកឈរពីមុខ ឃើញពេលល្អហើយ ក៏ប្រាប់ថា « បងឯងប្រុងស្ដាប់ » ។ រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ ៗ ស្រែកថា ហ៍ ! ហើយខាំកន្ទុយជាប់ ។ ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេច ។ អំណាចកន្ទុយខ្លាវាត់ទៅមុខនោះ ដោយទាំងគីង្គក់ទៅផង ដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ ធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ ។ ខ្លាក៏មិនអាចដឹងបាន ប្រែប្រាណទៅខាងក្រោយវិញ ស្រែកហៅថា « បងម៉ាំងកាយេអើយ ! មក » ។ គីង្គក់ឆ្លើយ «គូក ! នៅឯនេះហើយ» ។ ខ្លាឮគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថា « បងម៉ាំងកាយេ ! ពូកែមែនហើយ ប៉ុន្តែខាងការចាប់សត្វនោះ យើងមិនទាន់ឃើញរឹទ្ធិបងឯងនៅឡើយ, បើដូច្នេះ យើងនឹងចាប់សត្វល្បងគ្នាទៀត » ។ គីង្គក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះ បានសត្វប៉ុន្មាន ៗ មកជួបគ្នានៅកន្លែងនេះ យើងនឹងរើសាច់នោះល្បងគ្នាមើល តើអ្នកណាច្រើនជាង ? » ។ ខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងៗ បានច្រើន ។ 
   
ឯគីង្គក់ ក្រោយខ្លាចេញទៅនោះ ខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វណាបានទេ ព្រោះធ្លាប់តែចាប់ជន្លេននឹងស្រមោចសង្អារ, លោតបន្តិចទៅឃើញមានធ្យូងមួយដុំប៉ុនគ្រាប់សណ្ដែក ក៏លេបធ្យូងនោះចូលទៅ, លោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវ លេបថែមទៅទៀត លោតបន្តិចទៅទៀត ឃើញគ្រាប់អង្ក្រេមអង្ក្រមមួយ ក៏លេបទៅទៀត, បានជា ៣ មុខល្មមតែពេញនោះ រួចក៏ត្រឡប់វិលមកចាំខ្លាខាងទីដដែលវិញ ។ 
   
ឯខ្លា កាលបើស្វែងរកសត្វបានសព្វគ្រប់ហើយ ក៏ត្រឡប់មកឯកន្លែងដើមតាមសន្យា, លុះមកដល់ ឃើញគីង្គក់អង្គុយចាំ ច្រប៉ុកប៉ុកក៏សួរថា «យើ ! បងមាំងកាយេមកដល់ហើយហេះ» គីង្គក់តបថា យើងមកចាំឯងយូរណាស់ហើយ, មើល៍ ! បងខ្លាឯងបានប៉ុន្មានមុខ ? បងឯងរើចេញមកមើល ! យើងនឹងកត់ត្រា ។ ខ្លារើសសាច់នានាជាច្រើនមុខ ប្រាប់គីង្គក់, រើសចេញអស់ទើបប្រាប់ថា« អស់តែប៉ុណ្ណេះហើយ » ។ គីង្គក់រើចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដង ។ 
   
ទី ១ រើបញ្ចេញធ្យូងមកមុន ។ ខ្លាសួរថា « សត្វអីបង ! » ។ គីង្គក់ថា : ហ្នឹងគេហៅថា គាសរម៉ុយ " ខ្»ស្ដាប់មិនបានអង្វរថា កុំនិយាយបាលីបាគូបង ! សូមប្រាប់ជាសម្រាយមកចុះ ។ គីង្គក់ប្រាប់ថា «  នេះកុយរមាស » ។ ខ្លាក៏កោតថា « យើ ! ខាំដល់ទៅរមាសផង »  
   
ទី ២ រើឆ្អឹងត្រីស្លាតចេញមកទៀត ។ ខ្លាសួរថា « សត្វអីសស្គុះដូច្នេះបង ? គីង្គក់ប្រាប់ថា « ផ្លដំរីស៊ុក» ។ ខ្លាថា « អាណិតទៅ កុំនិយាយបាលីបាគូអ្វី » ។ គីង្គក់ថា « ហ្នឹងគេហៅភ្លុកដំរីស » ។ ខ្លារឹតតែកោតថា «អៃយ៉ា ! លេងដល់ភ្លុកដំរីសទៀតផង, ចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបង ? » ។ គីង្គក់ថា « យើ ! អស់ប៉ុណ្ណឹងអ្នកម៉ែ ! នៅច្រើនមុខណាស់ បងឯងចាំតែរាប់ចុះ »  
   
ទី ៣ រើទម្លាក់គ្រាប់អង្ក្រេមអង្ក្រមចេញមក ។ ខ្លាសួរថា « សត្វអ្វីក្រហមផង ខ្មៅផងដូច្នេះ ? ។ គីង្គក់តបថា « ផ្នាអាឃ្លែក » ។ ខ្លាថា « សុំនិយាយជាសម្រាយទៅវិញមើល ! » គីង្គក់តបថា  ហ្នឹងហើយ គេហៅថា « ភ្នែកអាខ្លាឯង »  
   
ខ្លាឮថា ភ្នែករបស់ខ្លួន ក៏ស្ទុះរត់ភ្លាម មិនហ៊ាននៅ ។ គីង្គក់ស្រែកថា « ឈប់សិន ឯងទៅណា ចាំអញយកភ្នែកឯងស៊ីសិន » ។ ខ្លារឹតភ័យខ្លាំងឡើងទៀត ចេះតែរត់ទៅ ។ គីង្គក់ខំដេញតាមពីក្រោយ, លុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើក ៗសួរថា « បងមាំងកាយេរត់ទៅណា ? » គីង្គក់ថា « បងជាបុរិល ! ខ្ញុំដេញតាមខ្លាវារត់ទៅមិញ ៗបងប្រទះដែរឬ ? ។ អណ្ដើកថា « ឃើញវារត់ទៅហើយ បើដូច្នេះខ្ញុំជួយតាម » ។ គីង្គក់និងអណ្ដើកក៏នាំគ្នាតាម, ដើរបន្តិចទៅ ឃើញខ្លាសម្ងំពួនលើគុម្ពឫស្សី ។ 
   
អណ្ដើកឃើញស្រែកប្រាប់ទៅគីង្គក់ថា « វានៅ ៗនេះទេ » ។ គីង្គក់ថា « បងឯងចាំនៅត្រង់ទីនេះចុះ ខ្ញុំនឹងឡើងទៅចាប់វា» ។ គីង្គក់ខំឡើងតាមវល្លិ និងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សី ស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោក ។ អណ្ដើកថា « អើបង ? » ។ គីង្គក់ថា « ខ្ញុំចុះមកបោចវល្លិយកទៅចងវាតែម្ដង » ។ ខ្លាឮដូច្នោះស្ទុះលោតចុះ រត់ទៅទៀត ទៅឃើញដើមឈើមួយដើមធំ ក៏ត្រេកអរខំឡើងទៅនៅសម្ងំ មិនឲ្យសត្វទាំងពីរដឹង ។ ឯគីង្គក់ និងអណ្ដើកខំតាមដានទៅ បាត់ដានត្រង់ដើមឈើនោះ មើលលើ ឃើញឯខ្លាពួនក្រាបនៅលើមែកឈើគ្រមាមៗ ទើបស្រែកប្រាប់គ្នាថា « កនយើង ! វានៅ ៗនេះទេ » ។ គីង្គក់ប្រាប់ថា « បងជាបុរិលឯង ចាំនៅគល់នេះចុះ ខ្ញុំនឹងឡើងទៅចាប់វាឯលើ» ។ គីង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគាបមែកឈើ ស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមក ដោយទាំងខ្លួនវាមកដល់ដី ។ អណ្ដើកឃើញសួរថា « ម្ដេចដូច្នេះ ? » ។ គីង្គក់ថា « យើងគិតរលំឈើនេះវិញ ឲ្យដួលមកនឹងចាប់ »។ អណ្ដើកបោលទង្គិចគល់ឈើនោះឮសូរប៉ូកៗ រួចគីង្គក់ធ្វើបញ្ចេញសំឡេងឮតែក្រតៗ ហើយស្រែកបន្ទរទៀតថា « ហ៍ ! រលំឈើហើយ » ។ ខ្លាឮថាវារលំ ទទួលក្រឡេកមើលទៅលើ ឃើញពពករសាត់លឿនស្លៅស្មានថារលំមែន ក៏ស្ទុះរត់ចុះទៅទៀត ។ សត្វទាំងពីរចេះតែដេញតាមទៅ ។
   
ឯខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់ ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថា « សូមឲ្យជួយយកអាយុខ្ញុំផង ត្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិត » ។ តាចាស់តបទៅនឹងខ្លាថា «នៅចុះ សឹមអញជួយឯងឲ្យរួចពីស្លាប់ កុំឲ្យអាគីង្គក់អណ្ដើកធ្វើអ្វីបាន » ។ យូរបន្តិចឃើញអណ្ដើកទៅដល់មុន ។ ខ្លាប្រាប់តាចាស់ថា « អុញហ្ន មកទៀតហើយតា » តាចាស់ថា «មិនអីទេបើខ្លាចណាស់ត្រូវខំសប់ខ្លាំង ៗទៅ ។ ខ្លារឹតតែសប់ខ្លាំងឡើង ៗ ។ តាចាស់ចាប់អណ្ដើកនោះបានយកទ្រាប់គូថអង្គុយ ហើយថា « ជាហើយចាំតែធ្វើដែករួចសឹមស្ងោរ » ។ បន្តិចឃើញគីង្គក់ទៅដល់ទៀតខ្លាថា « អាហ្នឹងហើយ វាប្រាថ្នាតែភ្នែកខ្ញុំទេ » ។ តាចាស់ប្រាប់ថា «បើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទាប់នឹងចង្កេះទៅ ។ ខ្លាធ្វើតាម ។ ឯតាចាស់នោះគាត់ស្លៀកខោជើងធំ ៗពេក អង្គុយលើអណ្ដើកកំពុងតែពើតរូសកោសកាំបិត ភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្តោកនៅកណ្ដាលវាល ។ គីង្គក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថា « បងជាបុរិលឯង មើលខាងក្រោម ។ អណ្ដើកក្រឡេកទៅ ឃើញប្រដាប់តាចាស់នោះទាំងអស់ ក៏មានចិត្តអរព្រួច ហើយអើតក្បាលចូលទៅក្នុងជើងខោខាំគ្រឹបដោយចង្កូម ដាច់ត្រឹមគល់ទៅទាំងអស់ ។ តាចាស់ដួលបះជើងច្រោង ។ គីង្គក់ស្រែកថា « ទៅ ! កនយើងដួលមួយហើយ » ។ ខ្លាឃើញតាចាស់ដួល ក៏ស្ទុះរត់ទៅ ដោយទាំងស្នប់នោះទៅផង ។ គីង្គក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយ មានទឹកជ្រៅ គីង្គក់ស្រែកឲ្យអណ្ដើកថា « បងប្រយ័ត្ន ! ខំស្ទាក់កុំឲ្យវាលោតទឹក ក្រែងបាត់ដាន » ។ ខ្លាឮក៏លោតទៅក្នុងទឹក ៗ ចូលក្នុងស្នប់, ទឹកហូរខ្លាំង ក៏នាំខ្លាលិចស្លាប់ទៅ ។ 

ផ្ចាញ់កម្លាំងកាយ  ដោយកម្លាំងប្រាជ្ញា
ផ្ចាញ់មនុស្សក្លៀវក្លា ដោយការអង់អាច
1-កម្ពុជសុរិយាលេខ ៤- ៥–៦ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ១៩១ រៀបរៀងដោយព្រះមេត្រីតេជោសុគតោ ក្រមការដើមខ្សែថ្នាក់លេខ ២ ។

 

 

ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ១

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ ខ្លាចាញ់ប្រាជ្ញាគីង្គក់ និងអណ្ដើក
រឿង៖ ខ្លាចាញ់ប្រាជ្ញាគីង្គក់ និងអណ្ដើក
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post_74.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post_74.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy