រឿង៖ គង់ហ៊ាន

 កាលពីព្រេងនាយ មានមនុស្សម្នាក់ ឈ្មោះគង់ មានប្រពន្ធពីរ ។ មួយឈ្មោះអាងអាំ មួយឈ្មោះនាងគំ ។ ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ ។ តាមផ្លូវនៅស្រុកនោះ មានខ្លាសាហាវ ។ អ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយ ជិតស្រុកគេ, ព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោ ស៊ីតែរឿយៗ ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញ ស្រែកសន្ធាប់ពីចម្ងាយមក ។ អ្នកគង់រត់ចូលរូងឈើ ញ័រដៃញ័រជើង រាគនោមព្រោះភ័យណាស់ ។ នាងអាំនិងនាងគំ ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ ។

    ឯអ្នកគង់ ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ បានស្ទុះម្នីម្នាចេញពីរូងឈើមក យកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត ។ ប្រពន្ធទាំងពីរបន្ទោសប្ដីថា «ខ្លាគេវាយងាប់ហើយ ធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ » ។ អ្នកគង់ជេរបំពានទៅប្រពន្ធថា «មិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុស ទើបហ៊ានវាយខ្លាទាល់តែស្លាប់» ហើយអ្នកគង់ក៏បានបោចវល្លិចងខ្លានោះ នាំប្រពន្ធសែងចូលទៅក្នុងស្រុក ។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាទៅមើលពាសពេញ ហើយគេសួរថា «ឯងធ្វើដូចម្ដេចបានជាបានខ្លានេះ ត្បិតខ្លានេះសាហាវណាស់ វាតែងតែខាំមនុស្សម្នាក្របីគោ ស៊ីច្រើនណាស់ហើយ» ។ ប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថា «អ្នកគង់គាត់ឃើញខ្លាវាបោលមក គាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ជាស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់» ។ អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះ ក៏បញ្ចោររំលោភទៅលើប្រពន្ធថា «មិនដែលមានស្រីណាខ្លាំងពូកែ ហ៊ានវាយខ្លាស្លាប់ទេ មានតែប្រុសទើបខ្លាំងពូកែ ហ៊ានវាយខ្លាឲ្យស្លាប់បាន» ។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា «កាលដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះ ខ្ញុំដាក់ស្នៀតគុនដូច្នេះ បានជាវាយវាបាន» ហើយអ្នកគង់ធ្វើជាលោតគុនវាយខ្លា ឲ្យអ្នកស្រុកមើល ។ ឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នា ហើយឲ្យឈ្មោះថា « គង់ហ៊ាន» តាំងពីថ្ងៃនោះមក ឮល្បីឈ្មោះគង់ហ៊ាន ជាអ្នកពូកែ ចេះគុនវាយខ្លាស្លាប់ ។ រឿងនេះជ្រាបដល់ស្ដេចៗ ក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាម ។
   
លុះយូរបន្តិចទៅ ចួនជាមានសឹកគេលើកមកច្បាំងយកនគរ ស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង ។ គង់ហ៊ាន ឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះ ភ័យណាស់ពុំដឹងបើគិតដូចម្ដេច នឹងមិនទៅច្បាំងមិនបាន ត្បិតស្ដេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកវិញ ដេកសន្ធឹកសន្ធៃអត់បាយ ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា ម្ដេចបានជាអ្នកដេកអត់បាយដូច្នេះ មានបើហេតុភេទអ្វី ប្រការដូចម្ដេច ? ។ គង់ហ៊ានប្រាប់ថា ត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹក ឥឡូវនេះ បងខ្លាចសឹកនោះណាស់ មិនដឹងបើគិតដូចម្ដេចទេ ប្រពន្ធឆ្លើយឡើងថា អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើង ពិសាបាយឲ្យឆ្អែត ងូតទឹកឲ្យស្រួលខ្លួនចុះ ។ គង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះ បានធូរក្នុងចិត្ត ក្រោកឡើងងូតទឹក ស៊ីបាយ រៀបគ្រឿងប្រដាប់ទៅច្បាំង, លុះរៀបរួចហើយដល់បានពេលាល្អ ក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំង, យកទាំងប្រពន្ធទៅផង ។ គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៍ពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ លុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដ គង់ហ៊ានភ័យណាស់ លេចអាចម៍លេចនោមញ័រដៃជើងដូចគេអង្រួនក្បាលដំរី ។ ឯដំរីគិតស្មានថា គេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅ មុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់ ។ 
   
ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះ គិតស្មានថាមេទ័ពនេះពូកែណាស់ ក៏បាក់ទ័ពចាញ់ រត់យកតែព្រះអាយុដោយខ្លួនទៅ ។ គង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាង ឲ្យអស់នាហ្មឺននិងរេហ៍ពលកោតខ្លាច ។ អស់នាហ្មឺនឃើញគង់ហ៊ានលេចអាចម៍ដាក់ក្បាលដំរី ស្អុយពាសពេញដូច្នេះ គេសួរថា «លោកមេទ័ព ថ្វីក៏លេចលាមកដូច្នេះ ។ គង់ហ៊ានឆ្លើយឡើងថា «បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃ និងចុះទៅដោះទុក្ខសត្វឯណាបាន មានតែដោះទុក្ខសត្វលើក្បាលដំរីដូច្នេះឯង បើរវល់តែដោះទុក្ខសត្វ ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ ? »
   
អស់នាហ្មឺននិងរេហ៍ពល ឮគង់ហ៊ាននិយាយដូច្នោះ អ្នកខ្លះមានប្រាជ្ញា គេដឹងថាគង់ហ៊ានខ្លាច, អ្នកខ្លះមិនសូវមានប្រាជ្ញា ក៏កោតខ្លាចគង់ហ៊ានណាស់ ។ ឯគង់ហ៊ានបានឈ្នះទ័ព ត្រឡប់ចូលមកក្នុងនគរវិញ ហើយចូលទៅក្រាបថ្វាយបង្គំស្ដេច ។ 
   
ស្ដេចទ្រង់ជ្រាបថា គង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រេកអរណាស់ ទ្រង់ព្រះរាជទានយសសក្ដិជានាហ្មឺនធំ ហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើន ។
   
តាំងអំពីថ្ងៃនោះមក គង់ហ៊ាន រឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀត ។ លុះក្រោយមកទៀត មានក្រពើសាហាវមួយ ចេះតែដេញខាំអស់មនុស្សម្នា អ្នកឈ្មួញជួញលក់ដូរ ដើររកស៊ីខាងជើងទឹកជើងកំពង់ គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះមុជទឹក ឬដើរងូតសោះ ។ អស់រាស្ត្រលំបាកចិត្តណាស់ ។ រឿងនោះក៏ជ្រាបទៅដល់ស្ដេចៗ ទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើ ។ ឯគង់ហ៊ានឮព្រះបន្ទូលដូច្នោះនឹកភ័យណាស់ ប៉ុន្តែមិនហ៊ានទទឹងព្រះបន្ទូល ក៏ទទួលថា នឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យ ។ គង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថា «គេហ៍អើយ ! ឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេ ត្បិតក្រពើសាហាវណាស់, ម្ដងនេះឃើញជាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខាន, ពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹក ធ្វើដូចម្ដេចនឹងគេចរួច ? ប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទៅក៏មិនបាន បើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខាំស្លាប់តែម្ដងទៅ » គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយ ក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើ ។ អស់មនុស្សម្នា មហាជន បានឮថាគង់ហ៊ានបានទៅចាប់ក្រពើ ក៏បបួលគ្នាទៅមើលពាសពេញ ។ លុះគង់ហ៊ានទៅដល់កំពង់ទឹក បានឃើញក្រពើហែលមកប្របច្រាំង ត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នា មានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះ ដោយគិតថា លោតទៅឲ្យក្រពើវាខាំឲ្យស្លាប់ទៅទេ ប៉ុន្តែក្រពើវាឮសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រើត ប្រឹងលោតឡើងដូចគេប្រហកក្នុងប្រគាបឈើ ជាប់ពាក់កណ្ដាលខ្លួនរុញទៅមុខ ក៏មិនរួច ថយមកក្រោយក៏មិនរួច ។ គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះ ស្រែកបង្គាប់កូនក្មួយ ឲ្យយកលំពែងមកចាក់ កាប់ក្រពើនោះស្លាប់ទៅ ។ ឯអ្នកដែលមើលទាំងប៉ុន្មាន គេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក ។ 
   
គង់ហ៊ាន បានឃើញក្រពើស្លាប់ដូច្នោះ ក៏រឹតតែក្អេងក្អាង អួតខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្ដេច តាមខ្លួនបានចាប់ក្រពើចោលឡើងមកលើគោក ។ ស្ដេចក៏ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានយសសក្ខី ឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀត ហើយទ្រង់ព្រះរាជទានទាំងអំណាច ទាំងរង្វាន់ជាច្រើន ។

សំណាបយោងដី ស្រីយោងប្រុស

1-     ច្បាប់សរសេរដៃ នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ លេខ C. 20 B របស់លោក E Aymonier ចាត់ការប្រមូលក្រង ទំព័រ ២៦ ខាងភាសាខ្មែរ និងកម្ពុជសុរិយា លេខ ៤៤៦ ឆ្នាំ ១៩៣៧ គ្មានឈ្មោះអ្នករៀបរៀងទេ ។

 

 

ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ១

 

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ គង់ហ៊ាន
រឿង៖ គង់ហ៊ាន
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post_28.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post_28.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy