រឿង៖ ខ្លា ស្វា និងទន្សាយ

 មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ ៗ ទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា « ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។

    ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា «យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន , អានេះអង្គុយធ្វើច្រងុក ៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱនក្រាបទៀតផង, បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង » ។ ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត ដើម្បីស្វែងរកបឹង ឬត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះមានដើមឈើធំ ៗដុះច្រូងច្រាង ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។ ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។ ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន ដែលរាយនៅឯនាយឆ្ងាយបានស្រួល បុរសនោះរាយសន្ទូចហើយ មិនឈរនៅនឹងដីទេ ទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯង មិនមាត់កឡើយ ។ ឯខ្លានោះ កាលបានទៅដល់ហើយក៏ដើរភ្លូកចុះភ្លូកឡើង រកដើមឈើនឹងឡើង ធ្វើដូចជាសត្វអក ។ បុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើរ រួចទៅឡើងអង្គុយជ្រហម ៗលើចុងឈើ ហើយធ្វើសំឡេងត្រាប់តាមសត្វអកថា « អកអូរៗ » គាត់មិនហ៊ានមាត់ថាអ្វីទេ ចាំតែមើលហើយគិតថា « ខ្លានេះ វាឡើងចុងឈើនៅក្នុងបឹងដូច្នេះ តើវាគិតធ្វើអ្វីអេះ ? » យូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះ ស្ទុះលោតប្រូង រួចផុសឡើងវិញឈ្លក់ទឹកឮសូរខក់ ៗ ។ បុរសនោះឃើញហើយសើច រួចស្រែកថា « ស្លាប់ទៅ ! អាខ្មោច ធ្វើអ្វីដូច្នោះ»។ ខ្លាឮមើលទៅឃើញបុរសនៅលើចុងឈើ ក៏មានសេចក្ដីអៀនខ្មាសខ្លាំងណាស់ ស្ទើរនឹងស្លាប់ខ្លួន ព្រោះមិនដែលបង់គំនិតដល់ម្ល៉ឹងសោះ រួចខ្លានឹកថា « ឥឡូវបុរសនេះឃើញអញតែម្នាក់ឯង បើគាត់ទៅដល់ផ្ទះសមគាត់នឹងនិយាយប្រាប់គេថែមទៀត គេនឹងកាន់តែដឹងច្រើនឡើង កើតមានកេរ្តិ៍ឈ្មោះអាក្រក់ណាស់ បើដូច្នោះអញសូកគាត់ កុំនិយាយប្រាប់នរណាតទៅទៀតឡើយ » ។ ខ្លាបាននិយាយអង្វរបុរសនោះ ជាពាក្យឱនលំទោនថា « ឱ ! អ្នកអើយ ! ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅ វាមិនបានឯត្រី ទៅបានឯលង់ទឹក ស្ទើរនឹងស្លាប់ ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់ បើដូច្នោះសុំអ្នកអាណិតខ្ញុំ កុំនិយាយទៅណាមកណាទៅទៀត ខ្ញុំនឹងតបគុណឧបការៈអ្នក» ។ បុរសតបវិញថា « ខ្លាឯងឲ្យអ្វីអញ »។ ខ្លាថា «ខ្ញុំសន្យារកសត្វ មួយព្រឹកមួយៗ យកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ» ។ បុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លា រួចហើយវិលទៅផ្ទះអាត្មាវិញ, លុះព្រឹកឡើង មកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យា ។ ខ្លាក៏ខាំសត្វយកមកឲ្យបុរសនោះ ជាប្រក្រតីមិនហ៊ានខាន ។ កាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មា ច្រើនថ្ងៃពេកណាស់ នាងភរិយាឆ្ងល់ លុះវេលាយប់ក៏សួរដោយស្ងាត់ថា « អ្នកឯងធ្វើដូចម្ដេច ក៏បានសត្វរាល់ថ្ងៃម្ល៉េះ ? ម្ដងសត្វនេះម្ដងសត្វនោះ ជ្រូកក៏មាន ក្ដាន់ក៏មាន ឈ្លូសក៏មាន » ។ ប្ដីថា « អញដាក់អន្ទាក់ » ។ ប្រពន្ធថា « អន្ទាក់អ្វីក៏បាន មិនដែលខានដូច្នេះ ? អ្នកអើយ ! ប្អូនឲ្យត្រង់ទៅមើល » ។ បុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថា ខ្លាកាលណាវានឹងមក ក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុង ។ ប្រពន្ធនោះក៏ជឿ ។ លុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសព្វដង លុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយជ្រហម ៗចាំនៅកន្លែងនោះ ។ លុះបុរសដើរទៅដល់ខ្លាប្រាប់ថា « អើ ! បុរសឯងមកហើយ អញនៅចាំទេតើ ! អញនិងស៊ីឯង ត្បិតកាលនិយាយគ្នាមុននោះ អញហាមថា កុំឲ្យនិយាយប្រាប់គេតទៅទៀត អញសូកឲ្យសត្វមួយៗរាល់តែថ្ងៃ, ឥឡូវម្ដេចក៏និយាយប្រាប់គេ ? » 
   
បុរសនោះក៏ភ័យភ្នែកស្លោ ឥតប្រកែកថាអ្វីទេ គ្រាន់តែអង្វរទៅខ្លាវិញថា « បងខ្លាឯង ស៊ីក៏ស៊ីចុះ ខ្ញុំមិនប្រកែកទេ បានជានិយាយទៅហើយ តែបើម្ង៉ៃនឹងស្លាប់រស់ ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផង» ។ ខ្លាក៏ព្រមថា « អើ ទៅក៏ទៅចុះ តែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំ តែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្ដីទាំងប្រពន្ធ, ទុកធ្វើអី មនុស្សនិយាយមិនទៀង » ។ បុរសនោះក៏នៅទាំងសោកសៅក្នុងចិត្ត ព្រោះតែមាត់មិនជិត បានជាខ្លាវាស៊ី, ទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះ ហើយថា « ឥឡូវនៅមិនបានទេ ត្បិតខ្លាវាចាំតែយូរ វានឹងមកស៊ីទាំងអស់គ្នា » ។ ប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិត ។ ប្ដីក៏លាភរិយាចេញចាកគ្រឹះស្ថាន ដើរមកតាមផ្លូវយំបណ្ដើរផង, ដល់ពាក់កណ្ដាលផ្លូវ ប្រទះនឹងទន្សាយ ៗសួរថា « បុរសឯងដើរទៅណាយំផងដូច្នេះ មានទោសទុក្ខដូចម្ដេច ? ។ បុរសនោះ ថ្លែងឲ្យទន្សាយស្ដាប់សព្វគ្រប់ប្រការតាមហេតុនោះ ។ ទន្សាយឆ្លើយថា " ឱ ! បើដូច្នោះ ភ័យអ្វី បុរសឯងទៅរកតែចេក ១ ស្និតមក ទៅខ្លាចអ្វី អាខ្លាកំព្រើលនោះ »។ បុរសនោះត្រេកអរក៏ម្នីម្នារត់ទៅរកបានចេកមួយស្និត ហើយជូនទៅលោកសុភាទន្សាយថា « ខ្ញុំជូនលោក ! សុំឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះ តែបន្តិច ខ្លាវាតាមមកស៊ីខ្ញុំហើយ »។ សុភាទន្សាយថា « អើ ! អ្នកឯងទៅជាមួយនឹងយើង ចាំមើលខ្លានោះឲ្យជាក់ » ។ រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ ឡើងទៅអង្គុយលើដំបូកនោះ ដើម្បីមើលទៅឲ្យបានឆ្ងាយ ។ 
   
ឯខ្លា កាលចាំបុរសនោះយូរពេក ក៏តាមមក ប្រាថ្នានឹងខាំស៊ីទាំងពីរនាក់ ព្រោះខុសសន្យាគ្នាពីរលើកហើយ, វាដើរម្នាក់ឯងតាមផ្លូវ រលេះរលាំងមកដល់ទៀបដំបូក ។ បុរសនោះឃើញ ក៏ប្ដឹងសុភាទន្សាយថា « ហ្ន ! មកហើយលោក » ។ សុភាទន្សាយប្រាប់ថា« កុំមាត់ ! ចាំវាមកជិតសិន » ។ ខ្លាដើរមកកាន់តែជិត សុភាទន្សាយពមចេកមួយក្នុងមាត់ ហើយស្រែកគ្រហែមឡើងថា «អ៊ែម ៗស៊ីខ្លា ៥ មិនស្កាំផ្ទៃ ស៊ីត្រប់ខារប៉ុនកូនដៃ ស្អាកស្ទើរបែក អ៊ែម ៗ» ។ ខ្លាឮសំឡេងធំក្រអួនថា «ស៊ីខ្លា៥ មិនស្កាំផ្ទៃ» ក៏ស្ទុះថយក្រោយ ។ សុភាទន្សាយគ្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនៗ ។ ខ្លាស្ទុះរត់លែងទាំងមើលក្រោយ រត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើ ស្វាឃើញខ្លារត់ស្រែកសួរថា «បងខ្លា រត់មានការណ៍អ្វី ។ ខ្លាឮហើយឈប់ ឆ្លើយតបទៅវិញ «ទេ ! ទេ !វ៉ី អើយ ! អាណាក៏ធំម្ល៉េះ ស៊ីខ្លាដល់ទៅ ៥ មិនឆ្អែត បានជាអញភ័យ រត់មកក្រែងវាស៊ី»។ ស្វាសួរថា « បងឯងឃើញដែរឬអ្វី ? ។ ខ្លាថា « ទេ ! ឮតែមាត់ » ។ ស្វាសួរថា « មាត់ត្រង់ណា ? »ខ្លាតបថា «នៅបៀតដំបូកឯដើមពង្រនោះណា»   ស្វាថា « ក្រែងបងសុភាទេដឹង ? ចំណាំតែឃើញនៅត្រង់ហ្នឹង » ។ ខ្លាតបថា «មិនមែនទេ សម្ដីសុភាណាដូច្នោះ» ។ ស្វាថា «ទេ ! ប្រាកដជាសុភាហើយ , បើដូច្នោះទៅម្ដងទៀតមើល ខ្ញុំជូនទៅ » ។ ខ្លាមិនព្រមទៅថា « ក្រែងបងស្វាឯងរត់ចោលអញ តែឯងភ័យរត់ឡើងចុងឈើទៅ, នៅតែអញម្នាក់ឯង ស្លាប់អញហើយ » ។ ស្វានិយាយម្ដងទៀតថា បើបងឯងខ្លាចខ្ញុំរត់ចោល យើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួច បើបងជាប់នឹងខ្ញុំហើយ » ។ ខ្លាថាអើ ! បើដូច្នោះទៅក៏ទៅ កុំរត់ចោលគ្នាវ៉ី ! ។ ខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយ ដើរតម្រង់ទៅដំបូកនោះ ។ បុរសនោះឃើញប្ដឹងសុភាទន្សាយទៀតថា « លោកអើយ ! មកទៀតហើយម្ដងនេះ មានស្វាមកផង ខ្ញុំខ្លាចណាស់លោក! »សុភាទន្សាយថា « កុំបារម្ភអ្វី ! នៅមាត់ឲ្យស្ងៀម ចាំវាមកជិតបន្តិច នឹងមើលវា»។ សុភាទន្សាយ ក៏ប្រុងបកចេកមួយនឹងពមឲ្យមាំ ។ ដល់មកជិត ស្វាសួរថាត្រង់ណាបងខ្លា ? ។ ខ្លាថា «ហ្ន ត្រង់ហ្នឹង, ហ្ន ! មាត់ស្រែកពីត្រង់នោះ » ។ សុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថា « យើ !  អាស្វាក្រញាំ ជំពាក់បំណុលអញ ៤ – ៥ ឆ្នាំ ដឹកអាខ្លាសំគមមួយឲ្យអញ អ៊ែម ! មើលមារយាទអាស្វានេះ ! » ។ ខ្លាឮដូច្នោះ ក៏ស្ទុះរត់ភីងទៅ ស្វាឃាត់ពុំស្ដាប់ ហើយគិតក្នុងចិត្តថា « យើអាស្វានេះ វានាំអញមកផាត់បំណុលទេតើ ! » ។ ស្វាស្រែកថា « បងខ្លា ឈប់សិន ៗ ខ្លាក៏មិនព្រម ដោយចូលចិត្តថា ច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេ » ហើយរត់ទៅឆ្ងាយ ទាល់តែស្វានោះរណ្ដំនឹងឈើ នឹងដី ស្លាប់ខ្លួនខូចអសារឥតការ ។

មាត់មានគ្រប  ដបមានឆ្នុក


១- កម្ពុជសុរិយាលេខ ៤- ៥ – ៦ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ២០១ រៀបរៀងដោយព្រះមេត្រីតេជោ សុគតោ ក្រមការដើមខ្សែលេខ ២ ។

 

 

ដកស្រង់ចេញពី៖​ ប្រជុំរឿងព្រេងខ្មែរភាគ ១

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ ខ្លា ស្វា និងទន្សាយ
រឿង៖ ខ្លា ស្វា និងទន្សាយ
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post_59.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post_59.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy