រឿង៖ ក្អែកមួយជាក្អែកដប់

 កាលពីព្រេងនាយ  មានបុរស ២ នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូចជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍ល័ក្ដបិទភ្ជិតយ៉ាងល្អ មិនឲ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១ មានផ្លែប៉ុនចង្កើះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងប្រហែល ១ លូក អាខិលស្ពាយកាំបិតនោះដើរទៅលក់ ឯអាខូចក៏ពុនពាងអាចម៍នោះដើរទៅលក់ដែរ ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្ដាលផ្លូវ អាខូចពពាយនាយថា អ្នកអើយទិញផ្អកយកទៅពិសា ផ្អកចាវយ៉ាងល្អ ស្ងោរក៏បាន ចំហុយក៏បាន ឆ្ងាញ់របស់ខ្ញុំណាស់ ។

អាខិលឆ្លើយថា ទាស់តែលក់ដាវខ្ញុំមិនដាច់ គ្មានលុយទិញ បើដូរជាដាវនេះព្រមដូរឬទេ ? អាខូច ឃើញដាវនោះវែងក៏ឆ្លើយថា « ដូរក៏ដូរ » ។ អាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះ មុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការសឹមហូតកាប់តែម្ដង អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើល ៗស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្ដាយរបស់ខ្ញុំណាស់ បើកុំតែខែនេះក្រម្ហូបពេក កុំអីខ្ញុំមិនដូរទេ » ។ អាខូចក៏ប្រគល់ពាងអាចម៍ឲ្យទៅអាខិល ហើយហាមថា «ផ្អកខ្ញុំហ្នឹងក៏ដែរ ដល់ពេលស៊ីសឹមបើកយកមកចំហុយ កុំអាលបើកមើល ក្រែងវាស្អុយរុយបែងក្រែងវាធុំខ្មោះ ស៊ីមិនទាន់អស់ វាទៅជាខានឆ្ងាញ់ នឹកឃើញជីដូនជីតា បានតែខ្វារស៊ីទៅ » ។ អាទាំងពីរ បែកគ្នាទៅដល់ផ្ទះរាល់ខ្លួន ហើយតឿនប្រពន្ធកូនថាដណ្ដាំបាយទៅអញបានផ្អក ។ ប្រពន្ធថា «បានផ្អកពីណា ? អាខិលថា «ដូរដាវគេ ៗថាផ្អកចាវគេឆ្ងាញ់ពិសាណាស់ » ។ ប្រពន្ធក៏អរពេញចិត្តនឹកថា «ប្ដីចេះធ្វើកាំបិតដូរផ្អក »  ស្ទុះភ្លែតទៅលាងចានដួសបាយ ហើយកាន់កាំបិតយ៉ាងគំរឹល កកិលទៅជិតពាងផ្អក យកកាំបិតគាស់អាចម៍ល័ក្ដនោះបើកឡើង ហើយលូកខ្វារបាន ១ ក្ដាប់ដាក់ផ្លាប់ទៅក្នុងចាន សល់នៅដៃប៉ុន្មានក៏លិទ្ធផ្លប់ភ្លក់មើល ងើបមុខឡើងថា «យី ! ផ្អកចាវអីក៏ស្អុយដូចអាចម៍ គ្មានឆ្អឹងនិងសាច់កខ្វិកកខ្វក់ ម៉ដ្ឋផង់យ៉ាងហ្នឹង តើផ្អកត្រីអីប្ដីថា «ក្រែងត្រីពោ » ។ ប្រពន្ធក៏លូកកូររាវរកក្បាល លូកបានពាក់កណ្ដាលក្អួតចង្អោរ ២០ វ៉ក ដឹងជាក់ជាអាចម៍ មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច ។
   
និយាយអំពីអាខូច ត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា «អាចម៍មួយពាងដូរបានដាវមួយដែរ» ទទួលខឹងនឹងឆ្កែវានោមច្រាសស្លឹកគ្រៃ កន្ទ្រាក់ដាវលោតទៅដល់ដី បម្រុងនឹងកាប់ឆ្កែសម្លាប់ ក៏ចាប់ដងដាវហូតខ្វិចឃើញផ្លែដាវនោះកំប៉ិច គេចឡើងលើផ្ទះបង្ហាញប្រពន្ធមើល ហើយសើចទាំង ២ នាក់ សើចហើយប្រាប់ប្រពន្ធថា «ប្រាជ្ញាអានោះស្មើនឹងអញ ៗ ទៅបបួលវាធ្វើសំឡាញ់គ្រាន់រកស៊ីពីរនាក់ នឹងបានមាសប្រាក់ដោយងាយ» ។ លុះទៅប្រទះនឹងអាខិល ដើរមកពីនាយសើចពព្រាយ និយាយសួរថា « ឯងទៅណា ! » ។ អាខិលឆ្លើយថា «អញមកសុំឯងធ្វើសំឡាញ់» អាទីមួយក៏ថា «អញសុំឯងធ្វើក្លើដែរ » ហើយក៏សុខចិត្តដើរពីរនាក់ ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ ជរា ឈឺស្លាប់ គេដាក់ក្នុងក្ដារមឈូសបម្រុងបូជាថ្ងៃស្អែក ។ ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរ ស៊ើបសួរអ្នកដើរខាងក្រៅថា «អ្នកណាស្លាប់ បានជាគេយំ !» ។ គេប្រាប់ថា « មហាសេដ្ឋីស្លាប់» ។ អាទាំងពីរនាក់គិតគ្នាថា ឯងត្រូវក្លែងសំបុត្រមួយច្បាប់ទៅប្រាប់ថា សំបុត្រសេដ្ឋីឲ្យមកយកទ្រព្យរបស់ អញបន្លំលបចូលដេកក្នុងមឈូស អំពីលើខ្មោចសេដ្ឋីស្ដីតបនឹងឯង » ។ ហើយយក៏បន្លំដេកដូចគំនិត ។ អ្នកនៅជិតមិនបានឃើញ មិនបានដឹង ត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម្ម កូនចៅតូចធំរវល់តែយំសោក ។ អាខូចដើរទៅរកក្រដាសបានធ្វើសំបុត្រក្លែង កាន់ដើរទៅ សម្ដែងសូត្រឲ្យគេស្ដាប់ «សំបុត្រអំពីមហាសេដ្ឋីប្រាប់ថាចៅខូចកម្សត់តាំងពីតូចជាកូនធម៌ ឥឡូវអាពុកជរាហើយ កូនអើយ ! ចូរទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ » ។ កូនចៅប្រុសស្រី គេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសេដ្ឋី ។ អាខូចឆ្លើយថា «ខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះ បើលោកស្ដី នុះខ្ញុំត្រង់ពិត បើលោកស្ងៀមនុះខ្ញុំក្លែងបញ្ឆោតទេ» ។ កូនសេដ្ឋីចូលភ្លាមទៅស្រែកហៅឪពុក ។ អាខិលឆ្លើយថា «អើ» !។ កូនសួរថា «ឪពុកបានឲ្យសំបុត្រទៅកូនធម៌ មកយករបស់មែនឬ » ។ អាខិលថា អើ ! កូនអញឈ្មោះខូច វាមកហើយឬ ! » ។ កូនឆ្លើយថា «ទានប្រោស ! មកហើយ ។ អាខិលថា អើ ! មើលយករទេះមួយធំ ក្របីមួយនឹមទឹមរទេះនោះ ហើយយកមាស ប្រាក់ កែវ កង សំពត់ អាវ វាល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មាន ឲ្យវាយកទៅចុះ » ។ កូនចៅស្រីប្រុស ចាញ់ឧបាយកលអាខិលអាខូច ក៏ខឹងខ្មោចសេដ្ឋី ស្លាប់ហើយចេះស្ដី ហៅពេញជាអស្ចារ្យ ឥឡូវនឹងបើកក្ដារមើលឲ្យច្បាស់ ចាស់ៗហាមប្រាមថា មើលមុខខ្មោចមិនបាន ខ្លាចដេកយប់ទៅមមើមមាយ ម៉្លោះហើយក៏ជឿជាក់យកមាសនិងប្រាក់ សំពត់ អាវ សំលៀកបំពាក់ និងកន្ទេល ពូក ខ្នើយ ហើយថែម តុ ថាស ចានល្អ ៗ អំបិលប្រហុក ៤ ក្រឡអង្ករ ៥ ការុង ដាក់ផ្លុងទៅឲ្យអាខូចអាខិល បង្វិលរទេះយ៉ាងធំ ជជែក យំ ទឹកភ្នែកឲ្យដឹងខឹងដោយបញ្ជោះ ទាំងស្រីទាំងប្រុស ហើយក៏ដឹកក្របីមួយនឹម ទឹមរទេះប្រគល់ឲ្យអាខូចទៅ ។ អានេះត្រេកអរឡើងបររទេះចេញទៅ អ្នកទាំងអស់ដែលនៅចេះតែជ្រួល មិនស្រួលព្រោះត្បិតខឹងនិងស្ដាយ ។ អាខិលលួចមើលនាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ ហើយនិយាយគ្នាថា «យើងបានទ្រព្យរបស់តែទាស់ឃ្លានបាយ បើឈប់ដណ្ដាំបាយ នៅរៀងអាយ ក្រែងមិនស្ងាត់ខ្លាចចោរតាមមកស្ទាក់ប្លន់យកទ្រព្យមួយរទេះ, បើដូច្នេះឯងឈប់ចាំអញ ៗ ទៅសុំបាយគេស៊ីខ្លះ យកខ្លះមកឲ្យឯង » ។ អាមួយព្រមហើយ អាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកនឹងលាយបាយ ឲ្យពុលស្លាប់អន្តរាយ នឹងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯង ។ អាមួយដែលនៅចាំរទេះ ក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុងឲ្យត្រូវអានោះស្លាប់ នឹងយកទ្រព្យតែម្នាក់ឯងដែរ ។ វេលានោះអាមួយទៅសុំបាយគេស៊ី ៗ រួចហើយសុំមួយចានផ្ញើសំឡាញ់ គេមិនកំណាញ់ ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង ។ អានោះក៏លាគេដើរចេញមក ហើយយកថ្នាំប្រឡាក់បាយ មកដល់ខាងអាយ ក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរប្រញាប់ចាប់បាយស៊ី ទើបនឹងស្កាំអាសិរពិសថ្នាំ ក៏ពុលស្លាប់បន្ទាប់គ្នា ។ ឯក្របីនោះ ក៏អូសរទេះចូលព្រៃ រតែករតោកទៅជ្រកក្នុងទឹកត្រពាំង ប្រឆាំងដាច់ខ្សែទាម ដេកត្រាំទឹកទៅ ។ ដល់វេលាព្រឹកមានបុរសម្នាក់ ដើរទៅឃើញទ្រព្យរបស់ទាំងអស់ នៅក្នុងព្រៃនឹកម្ដងភ័យ នឹកម្ដងអរថា ឯងអ្នកក្រ មិនដែលប្រទះទ្រព្យច្រើនណាស់ ដូច្នេះបើលៃលកយកទៅជារបស់ខ្លួន ក្រែងពុំបានសុខ ក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃ ចងក្របីជាប់ ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៍មារយាទប្រពន្ធដោយគិតថា «បើប្រពន្ធមារយាទល្អ នឹងយកទ្រព្យនោះទៅជារបស់ខ្លួន បើនិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដី ជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួន» ។ គិតហើយដើរដល់ផ្ទះ ក៏កុហកប្រាប់ប្រពន្ធថា អញជុះអាចម៍មិញ មានសត្វក្អែកមួយហើរចេញអំពីក្ដិត តែឯងអាណិតបិតមាត់ឲ្យឈឹង កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀកគេវាបែកការអាក្រក់ណាស់ កើតមានជំនុំជម្រះ សួរទៅសួរមក ហើយគ្មានទាំងសាក្សីបានដឹងនឹងអាង ក្រែងគេយកអញទៅឆ្កាង ឬយកទៅដាក់គុក ប្រពន្ធមិនលាក់ទុក ក៏ដើរទៅប្រាប់គេថា « មានក្អែកហើរចេញពីក្ដិតប្ដីអញ តែឯងកុំមាត់ » ។ មេមួយទៀតមិនអត់ទៅ ប្រាប់គេថែមទៀត ក្អែក ៥ ប្រាប់លើសមួយៗតគ្នា ដរាបដល់ក្អែកដប់ ។ រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រ ៗ ទ្រង់ចាត់ប្រើរាជអាមាត្យ ឲ្យស្រាវជ្រាវរកដល់បុរសនោះ ៗ ក៏ថ្វាយបង្គំគាល់ ស្ដេចទ្រង់ឆ្ងល់ ត្រាស់សួរថា « មែនឬមិនមែន» ។ បុរសក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំ កុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើន ។ បុរសនោះរៀបរាប់ក្រាបទូលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹមរទេះយកទ្រព្យមកថ្វាយស្ដេច ៗ ទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាល ពាក់កណ្ដាលដាក់ឃ្លាំង ។

ធ្វើផ្ទះ  កុំដាក់ជណ្ដើរ
លោះខ្ញុំប្រើ   កុំឲ្យបាយស៊ី
1- កម្ពុជសុរិយា លេខ ១០- ១១ – ១២ ឆ្នាំ១៩៣៥ ទំព័រ១១៩ មិនឃើញមានឈ្មោះ អ្នករៀបរៀង ទេ ។

 

ដកស្រង់ចេញពី៖ ប្រជុំរឿងព្រេងខ្មែរភាគ ១

Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគ០១
false
ltr
item
Khmer Legend: រឿង៖ ក្អែកមួយជាក្អែកដប់
រឿង៖ ក្អែកមួយជាក្អែកដប់
Khmer Legend
https://khmerlegendcambodia.blogspot.com/2021/05/blog-post.html
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/
https://khmerlegendcambodia.blogspot.com/2021/05/blog-post.html
true
3823562444087450416
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES បទ View All RECOMMENDED FOR YOU Tag ARCHIVE ចម្រៀងទាំងអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents ចម្រៀងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy